អគ្គរដ្ឋអាជ្ញា ICC លោក Karim Khan ត្រូវបានដកតំណែង ជុំវិញការប្រព្រឹត្តខុសផ្លូវភេទ
(Reuters)៖ រដ្ឋជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានបោះឆ្នោតបណ្ដេញអគ្គរដ្ឋអាជ្ញា លោក Karim Khan ចេញពីតំណែងជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តផ្លូវភេទខុសធ្ងន់ធ្ងរ។ នេះបើតាមការប្រកាសរបស់ ICC ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមមន្ត្រីការទូតដឹកនាំការិយាល័យប្រតិបត្តិនៃស្ថាប័នគ្រប់គ្រងរបស់តុលាការ ICC បាននិយាយកាលពីខែមិថុនាថាលោក Karim Khan មានទំនាក់ទំនងផ្លូវភេទមិនសមរម្យជាមួយជំនួយការជាស្ត្រីម្នាក់របស់លោក ហើយគួរតែត្រូវបានបណ្ដេញចេញពីតំណែង។ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ទើបរដ្ឋភាគច្រើនក្នុងចំណោមរដ្ឋជាសមាជិក ICC ទាំង១២៥ បានបោះឆ្នោតគាំទ្រអនុសាសន៍នេះ។ «ការសម្រេចចិត្តរបស់អង្គប្រជុំទាំងមូលដែលធ្វើឡើងដោយសំឡេងភាគច្រើននៃរដ្ឋជាសមាជិកចំនួន ៨២ បានសម្រេចថាអគ្គរដ្ឋអាជ្ញា លោក Karim Khan បានប្រព្រឹត្តខុសធ្ងន់ធ្ងរ និងបានបំពានភារកិច្ចធ្ងន់ធ្ងរ…ហើយត្រូវដកចេញពីតំណែង»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Paivi Kaukoranta ជាប្រធានស្ថាប័នគ្រប់គ្រង ICC។
គួរបញ្ជាក់ថា លោក Karim Khan មានអាយុ៥៦ឆ្នាំ បានច្រានចោលការចោទប្រកាន់ខាងលើ និងបានអះអាងថាលោកមិនបានប្រព្រឹត្តកំហុសអ្វីទេ។ ចំណែក ក្រុមអ្នកច្បាប់របស់លោកក៏បានចាត់ទុកការសម្រេចចិត្តដកតំណែងលោក Karim Khan មានបង្កប់ចេតនានយោបាយផងដែរ។ ការបោះឆ្នោតបញ្ចប់តំណែងលោក Karim Khan កើតមានឡើងចំពេល ICC កំពុងប្រឈមមុខនឹងការរិះគន់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ជាពិសេសបន្ទាប់ពីលោក Khan បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីឆ្នាំ២០២៤ ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា។
ការបណ្ដេញលោក Karim Khan ចេញពីតំណែង នឹងបើកឱ្យមានការដំណើរការភ្លាមៗនូវនីតិវិធីបោះឆ្នោតដើម្បីជ្រើសរើសអគ្គរដ្ឋអាជ្ញាថ្មី៕






