កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យលួចទូរសព្ទ និងប្រើប្រាស់គ្រឿងញៀន ទៅតុលាការ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចទូរសព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២:៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ លី យ៉ុងជេរ ភេទប្រុស អាយុ២២ឆ្នាំ បានប្តឹងថា ទូរសព្ទរបស់ខ្លួនត្រូវបានជនសង្ស័យលួចយក ខណៈកំពុងសម្រាកព្យាបាលជំងឺ។
ក្រោយទទួលបានបណ្តឹង លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ចែងកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ វៀត រីដែន ភេទប្រុស អាយុ២៩ឆ្នាំ។
ក្រោយការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ លើសពីនេះ លទ្ធផលតេស្តទឹកនោមបានបង្ហាញថាជនសង្ស័យមានសារធាតុញៀនក្នុងខ្លួនផងដែរ។
ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនបន្តមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ការឃាត់ខ្លួននេះធ្វើឡើងក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។  ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ៕

You might also like