ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុង- ស្រុក បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ។
ករណីដែលបានបង្ក្រាបរួមមាន អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ១ករណី, អំពើលួច (លួចម៉ូតូ) ២ករណី, ករណីឆបោក និងក្លែងបន្លំពាណិជ្ជសញ្ញា ១ករណី, អំពើលួច (លួចដែក និងប៊ូឡុង) ១ករណី និងអំពើលួច (លួចម៉ាស៊ីនខ្យល់) ១ករណី ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩នាក់ (ជនជាតិខ្មែរ និងជនជាតិបរទេស) និងដកហូតវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ម៉ូតូ សម្ភារ ដែក ប៊ូឡុង ម៉ាស៊ីនខ្យល់ និងឧបករណ៍ផ្សេងៗដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ។ ករណីមួយចំនួន សមត្ថកិច្ចបានស្រាវជ្រាវដកហូត និងប្រគល់ទ្រព្យសម្បត្តិជូនម្ចាស់ដើមវិញ ។
ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕






