កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាល៦ទីតាំង រកឃើញជនបរទេស៦៦នាក់ ដែលខ្លះជាប់ពាក់ព័ន្ធបទល្មើស Online Scams

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ក្រោមការសម្របសម្រួលដោយព្រះរាជអាជ្ញារង សំរិទ្ធ សុខុន និងលោក មុត សម្បត្តិ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលលើទីតាំងចំនួន៦កន្លែង ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន៦៦នាក់ ក្នុងនោះមានស្រី១៦នាក់ ដែលមាន២សញ្ជាតិ រួមមានជនជាតិឥណ្ឌូនេស៊ី៦១នាក់ (ស្រី១៤នាក់) និងជនជាតិថៃ៥នាក់ (ស្រី២នាក់)។
ក្រៅពីនេះ ក៏បានរកឃើញជនជាតិខ្មែរចំនួន៣នាក់ (ស្រី២នាក់) ផងដែរ។
ជនបរទេស និងជនជាតិខ្មែរទាំងអស់ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងបន្តនីតិវិធី។
របាយការណ៍បានបញ្ជាក់ថា ទីតាំងទាំងនេះរួមមាន៖
+ទីតាំងទី១ អគារកម្ពស់៥ជាន់ ២០បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៥៦នាក់ស្រី១២នាក់ ពុំមានសម្ភារសង្ស័យ។
+ទីតាំងទី២ ផ្ទះជួល១ល្វែង ៨បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅចំនួន៣នាក់ស្រី១នាក់ ពុំមានសម្ភារសង្ស័យ។
+ទីតាំងទី៣ ផ្ទះ២ល្វែង កម្ពស់២ជាន់ ១៨បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៣នាក់ស្រី១នាក់ ពុំមានសម្ភារសង្ស័យ។
+ទីតាំងទី៤ ផ្ទះ៥ល្វែង ៣០បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ។
+ទីតាំងទី៥ ផ្ទះសំណាក់ ២០បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនបរទេសស្នាក់នៅចំនួន៤នាក់ស្រី២នាក់ ២សញ្ជាតិ ឥណ្ឌូនេស៊ី២នាក់ស្រី១នាក់ ថៃ២នាក់ស្រី១នាក់ ពុំមានសម្ភារសង្ស័យ។
+ទីតាំងទី៦ ផ្ទះ១ល្វែង ២បន្ទប់ នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល រកឃើញជនជាតិខ្មែរ៣នាក់ស្រី២នាក់ មានសម្ភារសង្ស័យមួយចំនួនរួមមាន ទូរសព្ទចម្រុះ៣៦គ្រឿង។
ជនជាតិខ្មែរ និងដកហូតសម្ភារ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី និងបិទទីតាំងជាបណ្ដោះអាសន្ន។
ដោយឡែកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី បានបន្ដចូលរួមសហការជាមួយ ក្រុមទី១ ដឹកនាំដោយឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី ប្រធាននាយកដ្ឋាន អ.គ.ល.ក ចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖
1-កាស៊ីណូ ប៉ោយប៉ែត ភែលេស ផ្លាស ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
2-អេវ៉ា កាស៊ីណូ ហែថែល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

You might also like