មន្ត្រីជលផល ៖ ត្រីប្រា ១៨តោនលួចនាំចូលដោយខុសច្បាប់ ត្រូវបានបង្ក្រាបនៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ

(ព្រះវិហារ)៖ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ត្រីប្រា១៨តោនដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាននៅខេត្តព្រះវិហារ គឺមានប្រភពមកពីប្រទេសថៃ។
លោកបានអះអាងតាមរយៈ Comments ឆ្លើយតបសំណួរអ្នកសារព័ត៌មាន តាមហ្វេសប៊ុកថា ត្រីទាំងនោះមានប្រភពមកពីថៃ ឆ្លងកាត់ប្រទេសឡាវ ហើយចូលមកកម្ពុជា តាមច្រកកំពង់ស្រឡៅ។
សូមជម្រាបថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល អគ្គនាយកដ្ឋាន ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនាំចូលត្រីប្រានៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខរតនគិរី 3A-9055 ដែលមានត្រីប្រាចំនួន១៨តោន ក្នុងពេលជាមួយគ្នានោះ ជនសង្ស័យ២នាក់បានរត់គេចខ្លួនចូលព្រៃ។
បច្ចុប្បន្នព្រះរាជអាជ្ញាបានឱ្យមន្រ្តីជំនាញកសាងសំណុំរឿងបទល្មើស តាមនីតិវិធីនិងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ការបង្ក្រាបនេះទទួលបានការសាទរយ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ហើយបងប្អូនខ្លះដាក់ចម្ងល់ថា តើជនជាតិខ្មែរដែលនាំចូលត្រីប្រាពីថៃមកកម្ពុជានេះ មានមនសិការជាតិដែរ ឬទេ ដែលហ៊ាននាំទំនិញដោយខុសច្បាប់របស់ពួកឈ្លានពាន មកលក់ឱ្យខ្មែរហូបបែបនេះ?
គួរជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ មានវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការចិញ្ចឹមត្រីប្រានៅប្រទេសថៃ គឺគេឱ្យស៊ីអាចម៍មាន់ចិញ្ចឹមរបស់កសិដ្ឋាន។ អាចម៍ត្រូវបានដឹកទាំងឡានៗ មកចាក់ចូលស្រះចិញ្ចឹមត្រី ដែលមើលទៅគួរឱ្យខ្ពើម។
កាលពីមិនទាន់ជម្លោះព្រំដែន ហើយមិនទាន់បិទព្រំដែនជាឯកតោភាគីដោយក្រុមយោធាថៃ មានការអះអាងថា ត្រីប្រាដែលនាំចូលមកពីថៃចូលកម្ពុជា ភាគច្រើនយកមកធ្វើផ្អក ហើយចែកចាយលក់លើកទីផ្សារកម្ពុជា៕

You might also like