សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (១ តុលា ១៩៤៩ – ១ តុលា ២០២៦) ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាយ៉ាងមហោឡារិក កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តំណាងអង្គទូត និងស្ថាប័នសិក្សាស្រាវជ្រាវនានាជាច្រើនរូប។
វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្ដេចប្រធានរដ្ឋសភានិងមន្ត្រីជាន់ខ្ពស់កម្ពុជានាឱកាសនេះ បានស្តែងឱ្យឃើញពីការផ្តល់តម្លៃខ្ពស់បំផុតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។
ខួបអនុស្សាវរីយ៍លើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយស្ថានទូតចិននៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះស្របពេល ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិកំពុងវិវឌ្ឍរីកចម្រើនលើផ្លូវវិជ្ជមានគួរឲ្យកត់សំគាល់ ដោយបានរួមចំណែកបន្តពូនជ្រំ «សហគមន៍វាសនារួមកម្ពុជា-ចិន នៅគ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាពខ្ពស់ និងរឹងមាំ ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរុងរឿង និងស្ថិតស្ថេរជាអមតៈ៕






