ខេត្តរ៉ាក់យ៉ង ប្រទេសថៃ កំពុងជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន ខណៈអាជ្ញាធរប្រកាសអាសន្នថា ទំនប់មួយជិតបាក់ស្រុត

ថ្មីៗនេះ តំបន់ជាច្រើនក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុត ដែលប្រជាពលរដ្ឋក្នុងតំបន់អះអាងថាមិនធ្លាប់ជួបប្រទះទាល់តែសោះក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ។
ភាពស្លន់ស្លោរបស់ប្រជាពលរដ្ឋបានកើតឡើងបន្ទាប់ពីអាជ្ញាធរឃុំ Thung Khwai Kin បានចេញសេចក្តីប្រកាសអាសន្នបន្ទាន់មួយនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា ទំនប់ផ្ទុកទឹក Khlong Ra Ok ឬហៅថាទំនប់ Khao Chuk មានស្នាមប្រេះជញ្ជាំង និងបាក់ស្រុតច្រកបង្ហូរទឹក ហើយអាជ្ញាធរបានបញ្ជាដាច់ខាតឱ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញជាបន្ទាន់បំផុតក្នុងរយៈពេលត្រឹមតែ១ ម៉ោងប៉ុណ្ណោះ។
អាជ្ញាធរបានព្រមានថា បរិមាណទឹកដ៏ធំធេងនឹងហូរវាយប្រហារដោយផ្ទាល់ទៅលើឃុំ Thung Khwai Kin និង Nam Pen ក្នុង Klaeng រួមទាំងអាចស្រុតដល់ឃុំ Kong Din និងឃុំ Khlong Pun ផងដែរ ដែលប្រជាពលរដ្ឋត្រូវបានណែនាំឱ្យប្រញាប់រើអីវ៉ាន់ឡើងទៅរកទីទួលខ្ពស់ និងរត់ទៅកាន់ទីតាំងសុវត្ថិភាពដូចជា វត្ត ​និងសាលារៀន។
មុននឹងមានការប្រកាសអាសន្នពីការបាក់ទំនប់នេះ ស្រុក Klaeng ទាំងមូលកំពុងតែលិចលង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ដោយសារតែបរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់បានហៀរហូរចេញពីទំនប់ទឹកមួយទៀតឈ្មោះ Prasae ។
ទឹកជំនន់ដែលហូរមកយ៉ាងលឿនស្មានមិនដល់នេះ បានវាយប្រហារលំនៅដ្ឋានរាប់រយគ្រួសារ និងបានបំផ្លាញចម្ការហូបផ្លែ ជាពិសេសចម្ការទុរេន ហើយដោយសារទឹកឡើងលឿនពេក អ្នកភូមិស្ទើរតែមិនអាចរៀបចំខ្លួនទាន់ពេលវេលា ដែលបង្កឱ្យមានការអន្តរាគមន៍សង្គ្រោះទាំងកណ្តាលអធ្រាត្រ។
យ៉ាងណាមិញ ក្រុមឆ្លើយតបគ្រោះមហន្តរាយ​ Sattahip បានប្រញាប់ប្រញាល់ចុះទូក ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ជរា និងជនងាយរងគ្រោះដែលជាប់គាំងក្នុងផ្ទះ។
បច្ចុប្បន្ន ស្ថានភាពនៅក្នុងខេត្តរ៉ាក់យ៉ងទាំងមូលកំពុងស្ថិតក្នុងភាពតានតឹង និងប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយកម្ពស់ទឹកមិនទាន់មានសញ្ញាស្រកចុះនៅឡើយ។ ចំណែកឯក្រុមសង្គ្រោះ និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តប្រចាំការយ៉ាងយកចិត្តទុកដាក់ ២៤ ម៉ោងដើម្បីជួយសង្គ្រោះអាយុជីវិតពលរដ្ឋ៕

You might also like