ឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈទឹកជំនន់កំពុងឡើងខ្លាំង

(បន្ទាយមានជ័យ) ខណៈទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៣០គ្រឿង និងទូកពោងខ្យល់ ១៥គ្រឿង សរុប ៤៥គ្រឿង មកកាន់ក្រុងប៉ោយប៉ែត ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមការជន់លិចខ្លាំង។

យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃដដែល បានឱ្យដឹងថា ទោះបីស្ថានភាពទឹកនៅតំបន់មួយចំនួនមានការថមថយបន្តិចក្តី ក៏ទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែននៅតែបន្តកើនឡើង និងបង្កការគំរាមកំហែងខ្ពស់។ ក្នុងស្ថានភាពនេះ ក្រុមការងារសង្គ្រោះ និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព។

ទូកសង្គ្រោះទាំង ៤៥គ្រឿង ត្រូវបានដាក់ពង្រាយចូលរួមក្នុងប្រតិបត្តិការជាក់ស្តែង ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងជម្លៀសគ្រួសាររងគ្រោះចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៤កន្លែង ដែលអាជ្ញាធរបានរៀបចំទុកជាមុន។

ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព តាមការណែនាំរបស់អាជ្ញាធរ។ ក្រុមការងារសង្គ្រោះនៅតែបន្តប្រចាំការ ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

You might also like