ម្ចាស់មេដាយមាស របស់ម៉ាឡេស៊ី ត្រូវកាត់ដៃស្តាំចោល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ

កីឡាករលើកទម្ងន់សញ្ជាតិម៉ាឡេស៊ី Mohd Hafizuddin Roslin ដែលជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ Commonwealth Games ត្រូវបានកាត់ដៃស្តាំចោល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ កីឡាករវ័យ២១ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពដឹងខ្លួន និងមានសុខភាពនឹងនរនៅក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជួបគ្រោះថ្នាក់កាលពី៣ថ្ងៃមុន។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធលើកទម្ងន់ម៉ាឡេស៊ី។
គួររំឭកថា Hafizuddin បានឈ្នះមេដាយមាសក្នុងវិញ្ញាសាលើកទម្ងន់ប្រភេទ ៨៨គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍ Commonwealth Games ដែលរៀបចំឡើងនៅទីក្រុង Glasgow កាលពីខែកក្កដា ហើយរូបគេក៏ត្រូវបានចាត់ទុកថាជាកីឡាករមានសក្តានុពលម្នាក់ សម្រាប់ការប្រកួតកីឡាអូឡាំពិក Los Angeles 2028 ផងដែរ។
លោក Ayub Rahmat ប្រធានសហព័ន្ធលើកទម្ងន់ម៉ាឡេស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «គាត់បានដឹងខ្លួនហើយ ហើយថែមទាំងញញឹមទៀតផង»។
លោកបានបន្ថែមថា៖ «ស្ថានភាពរាងកាយរបស់គាត់កំពុងមានភាពប្រសើរឡើង ប៉ុន្តែឧប្បត្តិហេតុនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់គាត់»។
ប្រធានសហព័ន្ធរូបនេះក៏បានចាត់ទុកហេតុការណ៍នេះថា ជា «ការភ្ញាក់ផ្អើល និងការបាត់បង់ដ៏ធំធេងមួយសម្រាប់វិស័យកីឡាលើកទម្ងន់នៅក្នុងប្រទេស»។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក ក្រុមគ្រូពេទ្យបានសម្រេចកាត់ដៃស្តាំរបស់ Hafizuddin នៅផ្នែកខាងលើកែងដៃ ដើម្បីព្យាបាលរបួសដែលបង្កឡើងដោយគ្រោះថ្នាក់នេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថា នឹងទទួលរ៉ាប់រងរាល់ការចំណាយលើការព្យាបាល និងសេវាវេជ្ជសាស្ត្ររបស់កីឡាកររូបនេះទាំងស្រុង។
លោក Ayub ក៏បានបង្ហើបពីផែនការសម្រាប់អនាគតរបស់ Hafizuddin ក្នុងវិស័យកីឡាផងដែរថា៖
«យើងកំពុងពិចារណារួចហើយអំពីរបៀបដែលគាត់អាចបន្តចូលរួមក្នុងវិស័យកីឡា រួមទាំងឱកាសក្លាយជាគ្រូបង្វឹកកីឡាលើកទម្ងន់នៅពេលអនាគត»។
ទោះបីជាគ្រោះថ្នាក់ដ៏អកុសលនេះបានប៉ះពាល់ដល់អាជីពជាកីឡាកររបស់គាត់ក៏ដោយ ក៏សហព័ន្ធលើកទម្ងន់ម៉ាឡេស៊ីនៅតែមានគោលបំណងជួយឱ្យ Hafizuddin បន្តស្ថិតក្នុងវិស័យកីឡា និងស្វែងរកតួនាទីថ្មីសម្រាប់អនាគតរបស់គាត់៕

You might also like